មោទនភាពកូនខ្មែរ! ធីភីស៊ី ភីហ្សា (TPC Pizza) ប្រកាសបើកសម្ពោធជាផ្លូវការ ១១ សាខាភ្លាមៗក្នុងរាជធានីភ្នំពេញ ជាមួយរសជាតិដែលយល់ចិត្តខ្មែរពិតៗ
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ — ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យម្ហូបអាហារនៅកម្ពុជា ខណៈដែល ធីភីស៊ី ភីហ្សា (TPC Pizza — The Pizza Cambodia) ដែលជាប្រេនភីហ្សាដំបូងគេបង្កប់ដោយអត្តសញ្ញាណខ្មែរសុទ្ធសាធ បានប្រកាសបើកទ្វារស្វាគមន៍អតិថិជនជាផ្លូវការក្នុងពេលតែមួយរហូតដល់ ១១ សាខាទូទាំងរាជធានីភ្នំពេញ។

ក្រោមស្លោក «ភីហ្សាដែលអ្នកចូលចិត្ត» (Pizza You Love) ធីភីស៊ី ភីហ្សា មិនមែនគ្រាន់តែជាអាហាររហ័សទាន់ចិត្តនោះទេ ប៉ុន្តែវាគឺជាសមិទ្ធផលដែលកើតចេញពីការច្នៃប្រឌិត និងការតាំងចិត្តយ៉ាងមុតមាំរបស់កូនខ្មែរ ដើម្បីកសាងប្រេនមួយដែលរឹងមាំសម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា។
អត្តសញ្ញាណខ្មែរដែលបង្កប់ក្នុងគ្រប់ចំណិតភីហ្សា
អ្វីដែលធ្វើឱ្យ ធីភីស៊ី ភីហ្សា មានលក្ខណៈពិសេសដាច់គេ គឺការដាក់បញ្ចូលនូវព្រលឹងវប្បធម៌ខ្មែរទៅក្នុងរចនាបថរបស់ខ្លួន។ ការប្រើប្រាស់រូបសញ្ញា «ក្រមា» មិនមែនគ្រាន់តែដើម្បីសោភ័ណភាពឡើយ ប៉ុន្តែវាជានិមិត្តរូបនៃជីវភាព ភាពអត់ធ្មត់ និងស្មារតីរួមសុខរួមទុក្ខរបស់ប្រជាជនខ្មែរគ្រប់ជំនាន់។ រីឯ «ផ្ការំដួល» ដែលជានិមិត្តរូបនៃជាតិ ក៏ត្រូវបានរំលេចឡើងដើម្បីបង្ហាញពីភាពទន់ភ្លន់ និងភាពថ្លៃថ្នូរដែលស្តែងចេញតាមរយៈសេវាកម្ម និងគុណភាពអាហារ។

ការផ្ដល់តម្លៃដល់កសិករខ្មែរ និងសេដ្ឋកិច្ចជាតិ
ធីភីស៊ី ភីហ្សា បានឈរលើគោលការណ៍ «គាំទ្រផលិតផលក្នុងស្រុក» យ៉ាងខ្ជាប់ខ្ជួន។ រាល់គ្រឿងផ្សំសំខាន់ៗត្រូវបានផ្តល់អាទិភាពបញ្ជាទិញដោយផ្ទាល់ពីកសិករ និងអ្នកផលិតនៅក្នុងប្រទេស។ ការធ្វើបែបនេះមិនត្រឹមតែធានាបាននូវភាពស្រស់ថ្មីនៃរសជាតិនោះទេ ប៉ុន្តែវាក៏ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពកសិករ និងជំរុញចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
មោទនភាពនេះកាន់តែរឹងមាំតាមរយៈការសហការជាមួយដៃគូយុទ្ធសាស្ត្រធំៗ ដែលជឿជាក់លើសមត្ថភាពកូនខ្មែរ រួមមាន៖ ធនាគារ អេស៊ីលីដា, ស្រាបៀរកម្ពុជា, កូកា-កូឡា, EAC, M’Pig, Cellcard, និង HMC Broiler។ ការរួមកម្លាំងគ្នានេះបានបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្មមួយ ដែលបង្ហាញថា «ខ្មែរអាចធ្វើបាន» និងធ្វើបានយ៉ាងល្អបំផុត។