មុខស្អាត រាងហំ! Lamborghini Huracán EVO ស៊េរីថ្មីចេញលក់នៅខ្មែរហើយ
រថយន្ត Lamborghini Huracán EVO ដែលជារថយន្តដ៏ទំនើប និងមានភាពល្បីល្បាញជុំវិញពិភពលោក ត្រូវបានដាក់សម្ពោធចេញលក់ជាស្ថារពរនៅប្រទេសកម្ពុជាហើយ។ កម្មវិធីត្រូវបានរៀបចំដោយក្រុមហ៊ុន Automobili Lamborghini រួមគ្នាជាមួយក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុនផ្ដាច់មុខការនាំចូលនិងចែកចាយរថយន្ត Lamborghini ប្រចាំប្រទេសកម្ពុជា។ `

រថយន្តនេះមានម៉ាស៊ីន V10 ចំណុះ 5.2 L ដូច Huracán ជំនាន់មុន ដោយក្រុមហ៊ុន Lamborghini បានធ្វើកំណែទម្រង់ទៅលើម៉ាស៊ីននេះដើម្បីបង្កើនកម្លាំងពី ៦១០ សេះ ដល់ ៦៤០ សេះ រួមទាំងមានកម្លាំងបង្វិល ៦០០ Nm នៅ ៦៥០០ RPM។ រថយន្តនេះមានទម្ងន់ត្រឹម ១៤២២ គីឡូក្រាម ដែលមានសមាមាត្រទម្ងន់នឹងកម្លាំង ២.២២ kg/hp នាំឲ្យរថយន្តអាចបង្កើនល្បឿនពី ០ទៅ ១០០ km/h ក្នុងរយៈពេលត្រឹមតែ ២.៩ វិនាទី និង ០ ទៅ ២០០km/h ក្នុងរយៈពេលត្រឹមតែ ៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនលឿនបំផុតរហូតដល់ ៣២៥ km/h។
Lamborghini Huracán EVO មានបច្ចេកវិទ្យា Rear-wheel steering និងប្រព័ន្ធវិចទ័រកម្លាំងបង្វិលនៅលើកង់ទាំងបួន (Four wheel torque vectoring)។ សកម្មភាពទាំងអស់របស់រថយន្តនេះ គឺគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ Lamborghini Dinamica Veicolo Integrata (LDVI)។ ប្រព័ន្ធនេះឃ្លាំមើលប្រព័ន្ធ All wheel drive ប្រព័ន្ធបូម និង ចង្កូត ដើម្បីធ្វើការសម្រួលរថយន្ត ស្របតាមការប្រែប្រួលនាពេលខាងមុខ និងតម្រូវការរបស់អ្នកបើក។
